រាជធានីភ្នំពេញ ៖ 

រថយន្តដឹកឥដ្ឋ១គ្រឿងបើកលឿនស្របគ្នាពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ១គ្រឿង ពេលទៅដល់ត្រង់ចំណុចការដ្ឋានជួសជុលផ្លូវមួយកន្លែង ខណៈម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែគេចចេញពីការដ្ឋានជួសជុលផ្លូវខាងលើ  រថយន្ត បានគេចម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែដែរ ហើយ ក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយ បុកបង្គោល ភ្លើងបំភ្លឺផ្លូវ១ដើម បាក់ដួលបោក ត្រូវរថយន្តកាមរីបាឡែន១គ្រឿងទៀត រងការខូចខាត ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូរដឹមកប់ស្រូវ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ យ-1483-ភព1 ដឹកឥដ្ឋ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែ១គ្រឿង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែគេចការដ្ឋានជួសជុលផ្លូវ ហើយរថយន្តដឹកឥដ្ឋបានគចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែនោះដែរ ទើបបណ្ដាលឲ្យរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លវ ។

ប្រភពដដែល បានឲ្យដឹងបន្តថា ខណៈនោះរថយន្តបង្ក បានបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម បណ្ដាលឲ្យបាក់ដួលទៅចំណែកផ្លូវម្ខាងទៀត បោកត្រូវរថយន្តម៉ាកកាមរីបាឡែន ដែលកំពុងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង រងការខូចខាតកាងមុខ។ ប៉ុន្តែជាសំណាងល្អ ពុំបានបណ្ដាលឲ្យមានអ្នករងរបួសឡើយ ហើយ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកឥដ្ឋបានចេញសំណង៥ម៉ឺនរៀលទៅឲ្យម្ចាស់រថយន្តកាមរីបាឡែន ។ បន្ទាប់មកភាគីរថយន្តកាមរីបាឡែន បានបើកបន្តដំណើរទៅបាត់ស្រមោល ចំណែករថយន្តដឹកឥដ្ឋ ត្រូវបាននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាសវែងនាំយកទៅរក្សាទុកចាត់តាមច្បាប់ ៕