កំពង់ឆ្នាំង៖ 

កុមារីរងគ្រោះ ឈ្មោះ អឿន កញ្ញា អាយុ១២ឆ្នាំ រស់នៅភូមិសេរីឆោម ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបរាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះថា៖ឪពុករបស់គាត់ទៅធ្វើការនៅប្រទេសថៃ ទាល់តែរដូវបុណ្យទានធំៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ជាដើម ទើបត្រឡប់មកផ្ទះវិញ ។

នៅពេលដែលឪពុកមិននៅផ្ទះ ម្ដាយចុង តែងតែវាយធ្វើបាបជារឿយៗ ពេលខ្លះវាយរឿងងើបដាំបាយព្រឹកមិនទាន់ធ្វើការ រឿងបញ្ចុកបាយប្អូន និងជញ្ជូនចានឆ្នាំងទៅលាងជាដើម ហើយការរស់នៅទៀតសោត ម្ដាយចុង បានរៀបចំកន្លែងដេកនៅរោងផ្ទះបាយ ដើម្បីងាយស្រួលប្រើឲ្យដាំបាយហូប មុនចេញទៅប្រកបការងារផ្សេងៗ។ ថ្ងៃខ្លះ ប្រសិនជាងើបដាំបាយមិនទាន់ទេ ម្ដាយចុង តែងយកកូនសោរគប់គាត់ ជួនត្រូវក្បាល ជួនត្រូវចង្កេះ ។

យោងតាមការបញ្ជាក់ពីកុមារីរងគ្រោះ ចុងក្រោយមុនផ្ទុះរឿងនេះ ជនបង្កជាម្ដាយចុង បាន ប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរចំនួន២ដងបន្ថែមទៀត៖ លើកទី១/មូលហេតុ កុមារីរងគ្រោះច្រូតស្មៅឱ្យគោស៊ីមិនគ្រប់ និងលើកទី២/កុមារីរងគ្រោះមិនបានទៅច្រូតស្មៅឲ្យគោស៊ី ។

គួររំលឹកថានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មានករណីប្រើប្រាស់អំពើហិង្សាបង្កឡើងដោយជនសង្ស័យឈ្មោះ នៅ ញ៉ក់ អាយុ៣៩ឆ្នាំ ជាម្តាយចុង មកលើកុមារីឈ្មោះអឿន កញ្ញា អាយុ១២ឆ្នាំ រស់នៅភូមិសេរីឆោម ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបង្កឲ្យមានស្នាមជាំ ស្ទើរតែគ្រប់កន្លែងនៃរាងកាយ និងកន្លែងខ្លះទៀត មានសភាពហើម ថែមទៀតផង ។ 

ក្រោយទទួលបានព័ត៌មាននេះ លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវបន្ទាន់ ក្នុងនោះ បានឃាត់ខ្លួនស្រ្តីជាម្តាយចុងឈ្មោះ នៅ ញ៉ក់ ដើម្បីសួរនាំនិងចំណាត់ការបន្តតាមនិតិវិធី។ ដោយទទួលបានការយកចិត្តទុក ដាក់ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងនិង អាជ្ញាធរស្រុក បច្ចុប្បន្ន សភាពជម្ងឺរបស់កុមារីរងគ្រោះបានធូរស្រាលមួយកម្រិតហើយ ៕