ភ្នំពេញ ៖ 

សិស្សប្រុសម្នាក់ បានជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿនហើយក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត ដែលកំពុងបត់ត្រលប់ក្រោយ បណ្ដាលឲ្យបុរសម្នាក់រងបួសធ្ងន់បាក់ជើងឯ កូនស្រីបែកមុខបែកមាត់ និងចៅប្រុស រលាត់ដៃជើង ។ ដោយឡែក យុវជនម្នាក់ដែលជាអ្នកជិះម៉ូតូ១គ្រឿងផ្សេង ស្របជាមួយបុរសរងគ្រោះខាងលើ រងរបួសស្រាល រីឯសិស្សប្រុសដែលជាជនបង្ក រងរបួសស្រាលដែរ ។ បន្ទាប់មកអ្នករបួសធ្ងន់ ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខស្ថានីយ៍ប្រេងឥន្ធនៈសមប្រាថ្នា ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1S-0874 ដឹកកូនស្រីនិងចៅប្រុសពីក្រោយ ។ ចំណែកយុវជនម្នាក់ទៀតជិះម៉ូតូ១គ្រឿងម៉ាក Ginio ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KC-4161 ហើយម៉ូតូទាំង២គ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង ។ 

ប្រភពដដែល បានឲ្យដឹងទៀតថាលុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ត្រលប់ក្រោយ ស្រាប់តែមានសិស្សប្រុសម្នាក់ផ្សេងទៀត(ជនបង្ក) បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1KR-6170 ធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នាទៅដល់បុកពេញទំហឹង បង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕