រាជធានីភ្នំពេញ ៖
លោក ដួង តារា ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរពីបទ ឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ នេះបើតាម លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងកាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ។
លោកដួង តារា ត្រូវគេដឹងថា មានតួនាទីជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការសម្តេចតេជោហ៊ុន សែន ។ បើយោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ លោក ដួង តារា អាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពដូចការចោទប្រកាន់មែននោះ ។
គួរបញ្ជាក់ ថា លោក ដួង តារា ត្រូវបាននគរបាលរាជធានីភ្នំពេញនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីលោកត្រឡប់មកពីប្រទេសចិនវិញ។ការឃាត់ខ្លួនខណះដែលលោកជិះរថយន្តចេញពីអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុងគោលបំណងត្រឡប់ទៅផ្ទះបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ៕