ថ្លែងនៅក្នុងពិធីនិវត្តន៍ជាផ្លូវការរបស់អ្នកលើកបាល់ ឬអ្នកប៉ះសេ និងជាប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ពីក្រុមជម្រើសជាតិ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីសិដ្ឋ បានលើកឡើងពីការរីកចម្រើនរបស់កីឡាបាល់ទះកម្ពុជាគួរឲ្យកត់សំគាល់នាប៉ុន្មានឆ្នាំចុងក្រោយគឺជាការរួមចំណែកដ៏សំខាន់របស់ សួន ចាន់ណារ៉ូ។ ចំពោះការចាកចេញរបស់ប្រធានក្រុមរូបនេះគឺជាការបាត់បង់ធនធានដ៏សំខាន់នៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ុន្តែលោកសង្ឃឹមថា កីឡាករនឹងមិនទៅណាឆ្ងាយពីបាល់ទះឡើយ ហើយលោកបើកទ្វារចំហជានិច្ច សម្រាប់ សួន ចាន់ណារ៉ូ ទាំងកម្រិតជាកីឡាករ ឬក្រុមការងារគ្រូបង្វឹក ។
ជាការពិតណាស់ គិតចាប់តាំងពីឆ្នាំ២០២១ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កការភ្ញាក់ផ្អើលនៅក្នុងតំបន់អាស៊ានតាមរយៈការប្រកួតផ្លូវការជាច្រើន។ ក្រុមកម្ពុជាបានយកឈ្នះ ហ្វីលីពីន ដែលជាម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០១៩ និងបានយកឈ្នះក្រុមខ្លាំងថៃដើម្បីបង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១ ។
នៅស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានបន្តឈ្នះ ហ្វីលីពិន និងឈ្នះ ថៃ ហើយ បានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងការឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេមជាលើកដំបូង។ កាលពីចុងឆ្នាំ២០២៣ កម្ពុជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី នៅប្រទេសចិន បន្ទាប់ពីមិនធ្លាប់ចូលរួមសោះក្នុងរយៈពេលប្រមាណ៥០ឆ្នាំចុងក្រោយ។នៅឆ្នាំ២០២៤ កម្ពុជាបានអភិវឌ្ឍខ្លួនទៅកាន់ក្រុមកំពូលទាំង៤ប្រចាំតំបន់អាស៊ាន បន្ទាប់ពីបានឈ្នះជើងឯកក្នុងការប្រកួត SEA V. League Challenge ឆ្នាំ២០២៤ ដោយបានយកឈ្នះ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ដើម្បីឡើងទៅកាន់កម្រិត SEA V. League នៅឆ្នាំ២០២៥ ដែលមានឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង កម្ពុជា ខណៈពាន SEA V. League Challenge ឆ្នាំ២០២៥ មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ។
និយាយរួម រហូតដល់ពេលនេះ មានតែក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីតែមួយគត់នៅតំបន់អាស៊ាន ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនធ្លាប់ឈ្នះ។ ក្រៅពីនោះគឺកម្ពុជាធ្លាប់ឈ្នះអស់ហើយដូចជា ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវជាដើម ។
សូមបញ្ជាក់ថា សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ពីជម្រើសជាតិកម្ពុជាដោយសារសុខភាពមិនអំណោយផល ហើយអាយុក៏កាន់តែច្រើន។ ស្របពេលជាមួយគ្នានេះ លោកក៏ចង់ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបន្តវេន។ តាមពិតទៅ រូបគេធ្លាប់បានប្រកាសចូលនិវត្តន៍ម្តងហើយ បន្ទាប់ពីឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១ ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជាត្រូវការរូបគេដែលធ្វើឲ្យរូបគេលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិជាថ្មីនាពីរឆ្នាំចុងក្រោយ ៕