បវរកញ្ញាដែលមានដើមកំណើតមកពីខេត្តសៀមរាប កញ្ញា កែវ សេងលីហួរ ស្រាប់តែលេចវត្តមាននៅលើវេទិកាប្រកួតសម្រស់បែបអន្តរជាតិនៅក្នុងកម្មវិធី មីសអរ៉ាអ៊ីនធើណេសិនណល ឆ្នាំ 2024 (Miss Aura International 2024) ដែលមានប្រទេសទួគីគឺជាម្ចាស់ផ្ទះ។ យ៉ាងណាមិញការចាកចេញទៅប្រកួតរបស់កញ្ញានៅក្នុងកម្មវិធីខាងលើនេះ គឺស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះឱ្យកម្មវិធីប្រកួតសម្រស់អន្តរជាតិមួយផ្សេងទៀត និងបានកើតមានភាពចម្រូងចម្រាស់អំឡុងពេលរៀបចំការប្រកួតនេះ ទើបបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាខាងលើពុំសូវមានមហាជនបានដឹងទូលំទូលាយ និងទទួលបានការចាប់អារម្មណ៍ពីការចាកចេញទៅប្រកួតនោះឡើយ ។
ត្បិតថាដំណើរឆ្ពោះទៅដណ្តើមមកុដរបស់បវរកញ្ញារូបនេះ ពុំសូវទទួលបានការគាំទ្រច្រើនក៏ពិតមែន ប៉ុន្តែនៅក្នុងវិញ្ញាសារប្រកួតដែលខាងកម្មវិធីបានដាក់នាពេលកន្លងមក ឃើញថាកញ្ញាធ្វើបានល្អសឹងគ្រប់វគ្គ ហើយកំពុងទទួលបានការចាប់អារម្មណ៍ពីម្ចាស់កម្មវិធីផងដែរ ពោលគឺមហាជនតែងតែសង្កេតឃើញថានៅលើបណ្តាញសង្គមផ្លូវការរបស់កម្មវិធីនេះ តែងតែមានការបង្ហោះរូបភាពរបស់បេក្ខភាពកម្ពុជាដាក់ក្នុង ស្តរីអ៊ីនស្តាក្រាម (Story Instagram) ជាហូរហែរ ។
គួររំលឹកឱ្យដឹងថា កញ្ញា កែវ សេងលីហួរ ដែលបាននឹងកំពុងប្រកួតនៅក្នុងកម្មវិធី មីសអរ៉ាអ៊ីនធើណេសិនណល ឆ្នាំ 2024 (Miss Aura International 2024) នៅឯប្រទេសទួគី គឺបានប្រកួតវគ្គសំខាន់ៗចំនួនបួនហើយ ក្នុងនោះមានដូចជា វគ្គញ្ចេញសមត្ថភាពពិសេស វគ្គឈុតហែលទឹក វគ្គឈុតតំណាងជាតិ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដោយឡែកកញ្ញាក៏នៅមានវគ្គដ៏សំខាន់ដែលត្រូវប្រកួតមួយទៀត នោះគឺវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2024 វេលាម៉ោង 9 យប់ ម៉ោងនៅក្នុងប្រទេសទួគី ៕