រាជធានីភ្នំពេញ ៖

យុវជនពីរនាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាលឿន ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត អាលផាត បើកឆ្លងផ្លូវដូចគ្នា ចំពីមុខពេញទំហឹង ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 4:00 ទៀបភ្លឺឈានចូលថ្ងៃទី 11 ខែតុលាឆ្នាំ ២០២៤ ចំណុចក្រោយផ្សាររាត្រី ស្ថិតនៅតាមបណ្ដោយផ្លូវ106 កែងផ្លូវ 13 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើត គេឃើញរថយន្តម៉ាកអាលផាត ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2CC-9976 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣ ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជា៤ ។ ខណៈពេលឆ្លងមកដល់ចំណុពាក់កណ្តាលផ្លូវ ក៏ស្រាប់តែគេ ឃើញមាន ម៉ូតូ scoopy មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BG-2943 ជិះដោយយុវជនពីរនាក់ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ106 ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ក៏បានបុករថយន្ត អាលផាត ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ចំណែកម្ចាស់រថយន្តជាជនជាតចិន ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំសួរនាំបន្ត ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកកម៉ូតូនិងរថយន្ត ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕