រាជធានីភ្នំពេញ ៖ 

រថយន្តម៉ាក TOYOTA ALPHARD ១គ្រឿង ជិះដោយបុរសជនជាតិ បង់ក្លាដេស ចំនួន៣នាក់ ខណៈបើកបរសុខៗស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ស្ទើរតែក្រឡាប់ចូលប្រឡាយ ដោយពុំដឹងថាអ្នកបើកបររូបនោះស្រវឹងស្រា ឬក៏មានមូលហេតុអ្វីនោះទេ ។ បន្ទាប់មក ពួកគេ បាននាំគ្នាបើកទ្វារចេញ រួចហើយ អ្នកបើកបរបានចាកចេញទៅបាត់ ដោយទុកឲ្យអ្នករួមដំណើរ២នាក់ទៀត នៅកន្លែងកើតហេតុ ។ ចំណែកនគរបាល ក៏បានចុះទៅកាន់ទីនោះភ្លាមៗផងដែរ រួចបានស្ទូចយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវ ក្រែងមានការពាក់ព័ន្ធទៅនិងបទល្មើសអ្វីមួយ ។

ហេតុការណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងចូលវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមបុរសម្នាក់ដែលកំពុងដាក់មងនៅជិតទីនោះ បាននិយាយថានៅមុនពេលកើតហេតុ គាត់បានឃើញរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-2010 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាអ្នកបើកបរស្រវឹងស្រា ឬ បែបណានោះទេ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវផ្អៀងមួយចំហៀងស្ទើរតែធ្លាក់ចូលក្នុងប្រឡាយទៅហើយ ។

បុរសនោះ បាននិយាយបន្តទៀតថាខណៈនោះ បានឃើញបុរស៣នាក់នាំគ្នាចេញពីក្នុងរថយន្ត ហើយ ពេលគាត់ទៅមើលជិត ទើបដឹងថា ជាជនជាតិបង់ក្លាដេស បន្ទាប់មកបុរសអ្នកបើកបររថយន្ត បានចាកចេញទៅបាត់ ដោយបានទុកឲ្យអ្នករួមដំណើរ២នាក់នៅទីនោះ ។ បន្ទាប់មក នគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានហៅរថយន្តស្ទូច ទៅស្ទូចយករថយន្តនោះទៅរក្សាទុកនៅប៉ុស្តិ៍ ធ្វើការស្រាវជ្រាវនិងរង់ចាំឲ្យម្ចាស់យកឯកសារទៅផ្ទៀងផ្ទាត់ ទើបប្រគល់ជូនវិញនៅពេលក្រោយ ៕