ការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ក្រោមមូលបទដើម្បីវិស័យគុនខ្មែរដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រហូតដល់ពេលនេះតាមព័ត៌មានបឋមគឺទទួលបានប្រាក់ឧបត្ថម្ភគាំទ្រចំនួន៣០០លានរៀលហើយ ។

តាមការបញ្ជាក់ពីសំណាក់ លោក ឈិន ឈឿន គ្រូបង្វឹកក្រុមបាល់ទាត់តារាកម្ពុជា បានប្រាប់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភថវិកាចំនួន១០០លានរៀល ។ ចំណែកអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមហ៊ុនខ្មែរប៊ែវើរិជីកបានឧបត្ថម្ភចំនួន២០០លានរៀល ដូច្នេះសរុបថវិកាដែលទទួលបានជាបឋមគឺចំនួន៣០០លានរៀល ។

តាមការឲ្យដឹងពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរធម៌ ក្រោមមូលបទ យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែកន្លងទៅនេះ ឯកឧត្តម និងក្រុមការងារបានចុះទៅតាមបណ្តាខេត្តនានាជាច្រើន ហើយបានឃើញនូវស្ថានភាពជាក់ស្តែងអំពីក្លិបកីឡាប្រដាល់គុនខ្មែរជាច្រើនដែលកំពុងជួបការខ្វះខាត។ ពួកគាត់ខ្លះមានតែសិស្ស និងគ្រូនាំគ្នាហ្វឹកហាត់នៅលើដីដោយគ្មាន កន្លែងទីតាំងច្បាស់លាស់ គ្មានសម្ភារហ្វឹកហាត់ ប៉ុន្តែពួកគាត់បានស្រឡាញ់ និងហ្វឹកហាត់កីឡាប្រដាល់តាមលទ្ធភាពដែលអាចធ្វើទៅរួច ។

ឯកឧត្តម ខូវ ឆាយ សង្ឃឹមថា ប្រាក់ឧបត្ថម្ភដែលទទួលបានពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីគុនខ្មែរជួយសម្រាលដល់ក្លិបបានច្រើននៅតាមបណ្តាខេត្តនានា។ ការទទួលបានសម្ភារហ្វឹកហាត់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍកីឡាករ កីឡាការិនីគុនខ្មែរ ហើយអាចផ្តល់ឲ្យពួកគាត់ទទួលបានឱកាសចូលរួមប្រកួតតាមសង្វៀនប្រដាល់នានា ។

យ៉ាងណាមិញ តាមការគ្រោងទុក ការប្រកួតមាន២គូគឺចាប់ពីម៉ោង៣រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលជាការប្រកួតរវាងក្រុមតារាបាល់ទាត់កម្ពុជា (B) ជាមួយ ក្រុមពិធីករប្រដាល់គុនខ្មែរ និងការប្រកួតគូទី២ ជាការជួបគ្នារវាង ក្រុមតារាបាល់ទាត់កម្ពុជា (A) ជាមួយ ក្រុមកីឡាករប្រដាល់គុនខ្មែរ នៅទីលានបាល់ទាត់កងយោធពលខេរមភូមិន្ទ ស្តាតចាស់ ៕