អ្នកជំនាញកីឡាចំបាប់ជនជាតិអាមេរិកាំង លោក Marty Hauck បានមកចូលរួមកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្វឹកនៅកម្ពុជា ក្រោមគម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដោយមានការចូលរួមពីសិក្ខាកាមដែលជាអត្តពលិកកម្ពុជាចំនួន២៥រូប។  លោក Marty គឺជាអ្នកជំនាញកីឡាចំបាប់កម្រិតមាសនៅសហរដ្ឋអាមេរិក ដោយធ្លាប់បង្ហាត់ក្រុមអត្តពលិកចំបាប់ចេញទៅប្រកួតអូឡាំពិកជាច្រើនរូប និងមានអ្នកកំពុងស្ថិតក្រោមការបណ្ដុះបណ្ដាលដល់ទៅរាប់រយនាក់ទៀត ។ 

ជុំវិញការចូលរួមចែករំលែកបទពិសោធន៍ដល់សិក្ខាកាមនៅកម្ពុជានេះ អ្នកជំនាញខាងលើយល់ឃើញថា កម្ពុជាមានអត្តពលិកចំបាប់ល្អដែលអាចអភិវឌ្ឍខ្លួនទៅមុខបានប្រសើរ។ មិនតែប៉ុណ្ណោះទេ លោកសង្ឃឹមថា ពួកគេក៏អាចចាប់យកអ្វីដែលទទួលបានពីការសិក្សាទៅបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយបានជាបន្តទៀត ។

អ្នកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធ បាននិយាយថា វគ្គសិក្សានេះផ្ដោតលើការបណ្ដុះបណ្ដាលគ្រូបង្វឹកឱ្យមានបច្ចេកទេសត្រឹមត្រូវទាំងទ្រឹស្ដី និង ការអនុវត្តផ្ទាល់។ ក្រៅពីវគ្គដ៏ពិសេសខាងលើ អគ្គលេខាធិការដដែលបានបង្ហើបថា ក៏អាចនឹងមានកម្មវិធីផ្សេងៗទៀតសម្រាប់មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំបាប់កម្ពុជាផងដែរ។ ចំពោះវគ្គសិក្សានេះបានប្រព្រឹត្តទៅពីថ្ងៃទី០៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕