ខេត្តបាត់ដំបង ៖
រថយន្ត០៣គ្រឿង បានបុកបន្តគ្នានៅវេលាម៉ោង០៩និង៣០ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្ត០៣គ្រឿង ធ្វើដំណើរច្រាសទិសគ្នាពីជើងទៅត្បូង។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តម៉ាកលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខសៀមរាប ២C- ៣៩៩៤ បើកបរដោយឈ្មោះ សៀវ សុផល ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃអម្ពន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានបុកជាមួយរថយន្តម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខបាត់ដំបង ២A-៧៨៣៣ បើកបរដោយឈ្មោះ ថោង វណ្ណដោ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង ហើយ ជ្រុលបន្តទៅបុករថយន្ត០១គ្រឿងផ្សេងទៀត ម៉ាកកាម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២C-៩៤០០ បើកបរដោយឈ្មោះ ម៉ន មល់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកន្សែងក្រោម ឃុំចាន់ស ស្រុកសូតនិគមន៍ ខេត្តសៀមរាប តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ គឺគ្រាន់តែខូចខាតរថយន្ត០៣គ្រឿងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែងយករថយន្តទាំង០៣គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕