ការបើកដំណើរការសង្វៀនប្រកួតប្រដាល់នៅបាត់ដំបងនេះឡើងវិញ គឺដើម្បីពង្រឹងឡើងវិញធនធានគុនខ្មែរនៅទីនោះ និងនៅតាមបណ្ដាលខេត្ត ដែលមានព្រំប្រទល់ជាមួយខេត្តបាត់ដំបង ។ តួយ៉ាងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការបើកដំណើរការឡើងវិញសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ឯកឧត្តម  ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានសរសើរថាក្នុងខេត្តបាត់ដំបង មានធនធានកីឡាករ-កីឡាការនីច្រើន ហើយថែមទាំងមានសមត្ថភាពទៀតផង។ ដោយឡែក មុនពេលកូវីដ-១៩ ធនធានគុនខ្មែរនៅខេត្តនោះ មានការប្រកួតញឹកញាប់ នៅសង្វៀនឯកភ្នំ ដែលជាកត្តាពង្រឹងឲ្យសមត្ថភាពរបស់កីឡាករ-កីឡាការិនីប្រសើរឡើង។ ប៉ុន្ដែសង្វៀនប្រដាល់ប្រចាំខេត្តនេះ ត្រូវបានផ្អាករយៈជិត៤ឆ្នាំ ដោយសារតែបញ្ហាកូវីដនិងមិនមានអ្នកឧបត្ថម្ភគាំទ្រច្រើន ។ 

ឯកឧត្តម ខូវ ឆាយ បានបន្តថា ដោយសម្លឹងឃើញសក្ដានុពល នៃការរៀបចំឲ្យមានសង្វៀនឯកភ្នំនេះឡើងវិញ ដោយសង្ឃឹមថាកីឡាករ-កីឡាការិនីនៅទីនោះ មានឱកាសបានបញ្ចេញសមត្ថភាព និងជាផ្នែកនៃការលើកទឹកចិត្តដល់ក្លិប គ្រូបង្វឹក ឲ្យពង្រឹងគុណអាវុធរបស់កីឡាករ-កីឡាការិនីខ្លួន ដើម្បីប្រកួតផងដែរ ។ 

សប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរបានបន្តថា បានបន្ថែមទៀតថា សង្វៀនឯកភ្នំ មិនត្រឹមតែផ្ដល់ឱកាសប្រកួតដល់ធនធានគុនខ្មែរក្នុងខេត្តបាត់ដំបងទេ ប៉ុន្ដែក៏ផ្ដល់ឱកាសឲ្យខេត្តដែលមានព្រំប្រទល់ជាប់បាត់ដំបង និងខេត្តជាប់បឹងទន្លេសាប បាននាំយកកីឡាករ-កីឡាការិនីខ្លួន មកប្រកួតនៅទីនេះ ផងដែរ ។ ដើម្បីលើកទឹកចិត្តកីឡាករ និងគ្រូបង្វឹក រួមទាំងក្លិបប្រដាល់គុនខ្មែរនៅទីនោះផង ឯកឧត្តម ខូវ ឆាយ បញ្ជាក់ថា នឹងចម្រាញយកកីឡាករ-កីឡាការិនី ដែលមានសមត្ថភាពឲ្យមានឱកាសប្រកួតយកម៉ូតូ ឡាន និងខ្សែក្រវ៉ាត់នានា ។ 

ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ៖កីឡាករណា ដែលមានសមត្ថភាព និងល្បី យើងនឹងផ្ដល់ឱកាសឲ្យប្រកួតសង្វៀនធំៗ នៅរាជធានីភ្នំពេញ ដូចជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ម៉ូតូ ឡាន សហព័ន្ធនឹងផ្ដល់ឱកាសឲ្យភ្លាមតែម្ដង ។ គួរបញ្ជាក់ផងដែរថា សង្វៀនឯកភ្នំ បានត្រូវចាប់ផ្ដើមប្រកួតជារៀងរាល់ចុងសប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ តទៅហើយ ។