រាជធានីភ្នំពេញ ៖ 

មានហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោងជា៥ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងបុរីរំចេក ស្ថិតនៅក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីគេប្រទះឃើញបុរសជាកូនលោកមេភូមិម្នាក់ដេកស្លាប់នៅលើផ្លូវខាងលើ ។

បុរសឈ្មោះ សាត់ ជឿន អាយុ៣៤ឆ្នាំ អតីតជាសន្តិសុខ មានទីលំនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានគេដឹងថា គឺជាកូនប្រុសរបស់លោកសេក សាត់ដែលជាមេភូមិត្រពាំងរំចេកនោះ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាកន្លងមក បុរសនេះ តែងតែដើរមិនចូលផ្ទះសម្បែងនោះទេ រឺ នឹកនាហូបបាយហូបទឹកនោះទេ គាត់តែងតែដើរតែលតោល គ្មានគោលដៅឡើយ  ហើយយប់កន្លែងណា ដេកកន្លែងនោះ។ ដោយឡែក នៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែឃើញបុរសនេះដេកស្លាប់ នៅលើផ្លូវបាត់ទៅហើយ ដោយពុំដឹងថាមានរឿងអ្វីនោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រួចរាយការណ៍ជូននគរបាល ។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាលប៉ុស្តិ៍ព្រៃស និងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីនោះយកខ្សែទៅចងហ៊ុមព័ទ្ធការពារ  ទីតាំងកន្លែងកើតហេតុ។ បន្ទាប់មក រាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញើម្បីចុះធ្វើការពិនិត្យកោសល្យ  វិច័យ ។ តាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ គឺបុរសនេះស្លាប់ដោយគាំងបេះដូង ៕