អ្នកផលិតមាតិកានៅតាមបណ្តាញសង្គមជនជាតិកូរ៉េដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា ឬមហាជនទូទៅស្គាល់ថា “នារីកូរ៉េ” កាលពីពេលថ្មីៗកន្លងទៅ អ្នកផលិតមាតិការូបនេះ បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមអមជាមួយសារដ៏មានអត្ថន័យយ៉ាងដូច្នេះថា “ប្រជាជនណាដែលព្យាយាមបំបាត់ប្រវត្តិសាស្ត្រ គ្មានភាពរុងរឿងទេ, ខ្ញុំគាំទ្រ និងស្រឡាញ់ប្រទេសកម្ពុជា”។ 

បន្ទាប់ពីរូបភាពទាំងនោះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរួច មានការពេញចិត្ត និងធ្វើការចែករំលែកជាច្រើនពីសំណាក់បងប្អូនខ្មែរ ស្របពេលជាមួយគ្នានេះផងដែរ ស្រាប់តែមានជនជាតិថៃមួយក្រុម ជាអ្នកដែលងប់ងល់នឹងវប្បធម៌ បាននាំគ្នាចូលមកបញ្ចេញមតិមិនសមរម្យ ដោយបាននិយាយថានារីកូរ៉េកំពុងស្លៀកសម្លៀកបំពាក់ខ្មែរចម្លងពីថៃ និងមានមតិអសុរោះជាច្រើនទៀតផងដែរ។ នារីកូរ៉េ បានតបទៅការបញ្ចេញមតិអវិជ្ជរបស់ក្រុមទាំងនោះថា នាងមិនសូវជាចាប់អារម្មណ៍នូវការបញ្ចេញមិតិជាភាសាថៃនោះទេ ព្រោះនាងមិនចេះអាន និងមិនយល់អត្ថន័យដែលពួកគេកំពុងសំដៅមកនោះដែរ នាងក៏បានបន្តទៀតថា នាងចេះអានតែភាសាខ្មែរប៉ុណ្ណោះ ព្រោះនាងស្រឡាញ់ និងចូលចិត្តរៀនភាសាខ្មែរ។ អ្នកបង្កើតមាតិកាខាងលើ ក៏បានអរគុណដល់បងប្អូនខ្មែរ ដែលតែងតែស្រឡាញ់ គាំទ្រ និងនៅក្បែរខ្លួននាងជានិច្ច មិនថានាងកំពុងតែជួបប្រទះនូវឧបសគ្គអ្វីមួយនោះឡើយ ៕