រាជធានីភ្នំពេញ ៖

យុវជនម្នាក់ បានបោកក្បាលនៅនិងផ្លូវស្លាប់ភ្លាមៗ ចំណែកឯយុវជនរួមដំណើរពីរនាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងស្តុបស្របពេលរថយន្តកុងតឺន័រ បើកមកលឿន បុកម៉ូតូកិនអូសទៅមុខជាង៣គីឡូ រួចតៃកុង ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី28 ខែតុលា ឆ្នាំ2024 ចំណុចស្តុបផ្សារដីហុយ ស្ថិតនៅលើផ្លូវភ្នំពេញ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មានឈ្មោះ សៀ សិទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ រសនៅភូមិលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបីនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតមកលិ ចឆ្លងស្តុបផ្លូវបំបែកជាបួន ។

ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្របពេលនោះ មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ក៏បានបុកចំពីមុខម៉ូតូជនរងគ្រោះពេញទំហេង ធ្វើឲ្យយុវជន២នាក់ ប៉ើងខ្ទាតចេញមកក្រៅរងរបួសស្រាល ។

ចំណែកឯកយុវជនរងគ្រោះម្នាក់ទៀត  បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅលើដងផ្លូវ ។ រីឯម៉ូតូ ត្រូវជាប់ក្រោមរថយន្ត បន្តបើកអូសទៅមុខជាង៣គីឡូដី ទើបរថយន្តទៅមុខលែងរួច ហើយ តៃកុងទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕