ពិធីរត់ភ្លើងគប់អបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងនៅខេត្តកែប នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដោយខេត្តកែប ជាខេត្តម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីរត់ភ្លើងគប់អបអរសាទរ “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ ២០២៤” ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ។
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការនេះបានកំណត់យកប្រភេទកីឡា ចំនួន៣៦ រួមមាន៖ មានវិញ្ញាសាចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡា ដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការ លើកទី២ មាន១៣ ប្រភេទកីឡា ហើយមានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើ នឹង ៣៨៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៥,៣៣៩ នាក់ មកពី ២៥រាជធានី-ខេត្ត និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ) ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការប្រកួតនេះ គឺជាការប្រកួតសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រីជំនាញកីឡាឱ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលាប្រកួត ទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទ ពិសោធន៍ពីការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ ដារហ្គេម, ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ក្នុងន័យរៀបចំពិធី «បើក» «បិទ បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំងទីលានចំនួន ០៥ រាជធានី ខេត្ត ដើម្បីរៀបចំការ ប្រកួតឱ្យស្របតាមស្តង់ដា រួមមាន៖ ១) នៅរាជធានីភ្នំពេញមាន ១៧ទីលាន៖ ២) ខេត្តកែប នៅទីរួមខេត្ត និង ឆ្នេរដង្គោល ៣) ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល ៤) ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និង ភ្នំត្រាក និង ៥) ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់យុទ្ធការណ៍អប់រំចំនួនប្រាំរួមមាន៖ ១.កីឡារស់ក្នុងសន្តិភាព ២.ប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ៣.កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ៤.កីឡាបៃតង កីឡាស្អាតស្អំ ៥.កីឡាគ្មានសារធាតុដូប៉ា-ដូពឹង ។
ឯកឧត្តម កែ ប៊ុនខៀង លើកឡើងទៀតថា ពេលពិធីបើកការប្រកួតនឹងមានពិធីរត់ភ្លើងគប់ តាមបណ្តាខេត្តមុននឹងទៅដល់រាជធានីភ្នំពេញ ដោយក្នុងនោះពិធីរត់ភ្លើងគប់ចេញពីខេត្តកែប ថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤ នេះមុនគេ បន្ទាប់មកខេត្ត ព្រះសីហនុ ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ ឆ្នាំង ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ និងជាចុងក្រោយពីពិធីរត់ភ្លើងគប់ឆ្ពោះមកពីតំបន់ការដ្ឋានព្រឹកផឹកហូ ណនតេជោក្នុងខេត្តកណ្តាល មករាជធានីភ្នំពេញ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា ពិធីបើកកីឡាជាតិនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯពិធីបិទនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕