រាជធានីភ្នំពេញ ៖ 

ជនសង្ស័យពីរនាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់និងវាយទ្រមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច ហើយ ប្រតាយប្រតប់គ្នាដួលម៉ូតូ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១ រសៀលថ្ងៃទី១១ ខែតុលាឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១៩៦២ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះធន់ ប៊ុនថេន អាយុ១៧ឆ្នាំ និងទី២.ឈ្មោះហេង សំណាងអាយុ១៥ឆ្នាំ ។

តាមព័ត៌មានឱ្យដឹងថានៅមុនពេលកើតហេតុ ជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌សលាយឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ១AT.៣៤២៤មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៩៦២ នៅក្នុងទិសដៅពីលិចទៅកើត ។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ ជិតដល់ប្រឡាយទឹកស្អុយក៏បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ពីម៉ូតូម៉ាក Scoopy មួយគ្រឿងធ្វើដំណើរស្របទិសគ្នា ។ 

នៅក្នុងសកម្មភាពឆក់ពុំបានសម្រេចនេះ មានការប្រតាយប្រតប់ទាញកាបូបគ្នា បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង ហើយ ស្ត្រីរងគ្រោះក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អែលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នាំគ្នាដេញចាប់បានជនសង្ស័យ២នាក់   ខណៈពេលដែលព្យាយាមរត់គេចខ្លួនចូលទៅក្នុងបុរីពិភពថ្មីនៅក្បែរនោះ ។ 

បន្ទាប់ពីឃាត់ខ្លួន ត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ដៃមួយជើងទ្រោមខ្លួនផងដែរ ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលបញ្ជូនទៅស្នាក់ការប៉ុស្តិ៍នគរបាលក្រាំងធ្នង់ រួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕