រាជធានីភ្នំពេញ ៖ 

ស្រ្តីអ្នកសុំទានម្នាក់ បានពរកូនស្រីដឹកដៃកូនប្រុសដើរឆ្លងផ្លូវ ស្រាប់តែមានរថយន្តធុនតូចមិនស្គាល់ម៉ាក១គ្រឿង បើកលឿនទៅដល់ បុកខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ទាំង៣នាក់ម្ដាយនិងកូនយ៉ាងរន្ធត់ បន្ទាប់មករថយន្តបង្កខាងលើ ក៏បានបើករត់គេចទៅបាត់ស្រមោល  ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសម្នាក់ឈ្មោះលែស ទូច អាយុ៣៦ឆ្នាំ មុខរបរសុំទាន បាននិយាយថាអ្នកស្លាប់ទាំង៣នាក់ខាងលើនោះ គឺជាប្រពន្ធនិងកូនរបស់គាត់ ដែលប្រពន្ធមានឈ្មោះមាជ មុំ អាយុ៤២ឆ្នាំ មុខរបរសុំទាន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ រីឯកូនប្រុសឈ្មោះទូច សំណាង អាយុ៦ឆ្នាំ និងកូនស្រី     ទូច វិច្ឆិកា អាយុ៤ឆ្នាំ ។ ហើយមុនពេលមានគ្រោះថ្នាក់គ្រួសាររបស់គាត់ស្នាក់នៅក្នុងវត្តមួយ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង និងទើបតែមកស្នាក់នៅក្នុងវត្តកំបូល ខណ្ឌកំបូលនេះ បាន២ថ្ងៃប៉ុណ្ណោះ ។ 

បុរសនោះបាននិយាយទៀតថា នៅមុនពេលកើតហេតុ ប្រពន្ធគាត់បានចេញពីក្នុងវត្តមុនគាត់ ដោយបានពរកូនស្រីនិងដឹកដៃកូនប្រុសដើរឆ្លងផ្លូវជាតិលេខ៤ដើម្បីចេញសុំទាន ហើយក៏ស្រាប់តែជួបគ្រោះថ្នាក់ដល់ស្លាប់បែបនេះតែម្ដង ក្រោយមកទើបគាត់បានដឹង ។

តាមរូបភាពកាមេរ៉ាសុវត្ថិភាព ឃើញថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បាននាំគ្នាដើរឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តធុនតូច១គ្រឿងមើលមិនច្បាស់ ដោយពុំដឹងថាម៉ាកអ្វីនោះទេ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង៣នាក់ម្ដាយនិងកូនតែម្ដង បន្ទាប់មករថយន្តបង្ក បានបើករត់គេចទៅបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍កំបូល និងខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ដើម្បីតាមរករថយន្តបង្កចាត់ការតាមច្បាប់ ៕