រាជធានីភ្នំពេញ ៖
បុរសម្នាក់ ដើរឆ្លងផ្លូវតាមពីក្រោយម៉ូតូពូរបស់ខ្លួន ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុក បណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះសឿង សង់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋាន តំបន់ទីក្រុងកោះនរា ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិគុចទីទុយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ពូនិងក្មួយ ចេញពីផឹកស៊ីវិញ ហើយ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-8719 ចេញពីកោះនរា កន្លែងការងារ គោលបំណងជូនបុរសជាពូមកផ្ទះម្តុំចាក់អង្រែក្រោម ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ។
លុះមកដល់ចំនុចកើតហេតុ អ្នកបើកម៉ូតូត្រូវជាពូ បានជិះម៉ូតូបត់ឆ្លងផ្លូវវិញ បំណងបត់ ត្រលប់ក្រោយ ហើយពេលនោះ បុរសជាក្មួយនិងត្រូវជាជនរងគ្រោះ បានចុះពីលើម៉ូតូ ហើយ ដើរឆ្លងផ្លូវតាមពីក្រោយម៉ូតូ ក៏ស្រាប់តែរថយន្តមិនស្គាល់ម៉ាក បើកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលខ្ទាតជាច្រើនម៉ែត្រ របួសបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕