រាជធានីភ្នំពេញ ៖
ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនជាតិចិនជិះម៉ូតូកង់បី បានសម្រេច តែរត់គេចមិនរួច ក៏ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេញឃាត់បានភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ ផ្លូវព្រះមុនីវង្សកែងផ្លូវ៤៨៤ សង្កាត់បឹងត្របែក ហើយ ឃាត់ខ្លួនបាននៅចំនុចផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ និងដកហូតម៉ូតូ២គ្រឿង ម៉ាក ស៊ុយស៊ុគីនិច មួយគ្រឿង និងហុងដាឌ្រីម មួយគ្រឿង ជារបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ ។
តាមប្រភពពីសមត្ថកិច្ច បានអោយដឹងថាមុនពេលឃាត់ជនសង្ស័យទាំង២នាក់នោះបាន គឺកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចេញល្បាតទប់ស្កាត់បទល្មើស និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រ រាជធានីភ្នំពេញ ។
លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែឃើញជាក់ស្ដែងនូវជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនប្រុសៗ២នាក់ ដែលកំពុងតែជិះលើម៉ូតូកង់បី បានសម្រេច ហើយ ព្យាយាមជិះម៉ូតូរត់គេច។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចឃើញហេតុការណ៍ជាក់ស្ដែង ក៏បានប្រដេញតាមជនសង្ស័យ តាំងពីចំនុចកើតហេតុ រហូតដល់តាមបណ្ដោយផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក៏ធ្វើការបង្រ្កាបបានជនសង្ស័យទាំង២នាក់នោះ និងដកហូតម៉ូតូចំនួនគ្រឿងភ្លាមៗផងដែរ ។
ករណីនេះផងដែរ ជនសង្ស័យនិងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសួរនាំនិងដាក់ពាក្យបណ្ដឹងនៅផ្នែកជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនិតិវិធី ៕