រាជធានីភ្នំពេញ ៖
បុរសជាប្រជាការពារម្នាក់ បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូរអិលបោកក្បាលដួលហូរឈាមជោគជាំ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ហាក់ ទ្រី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមសម្តីស្ត្រីជាប្រពន្ធ បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1S-8828 ធ្វើដំណើរចេញផ្ទះរបស់គាត់នៅសង្កាត់ព្រែកហូរ បម្រុងនឹងមកដឹកក្មួយមកពីខេត្តបន្ទាយមានជ័យនៅឯបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ដោយមិនបានពាក់មួកសុវត្ថិភាព ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងផងនោះ ក៏បានរអិលដួលបោកក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដោយឃើញថាជនរងគ្រោះពិតជាបានជិះម៉ូតូដួលបោកក្បាលខ្លួនឯងពិតប្រាកដមែន ហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះខាងលើទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕