នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា បានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទះអាជីព។ ដំណឹងនេះជារឿងសោកសៅរបស់មហាគ្រួសារបាល់ទះកម្ពុជា ប៉ុន្តែនៅក្នុងពិភពកីឡា មិនមានអ្វីស្ថិតស្ថេរជានិរន្តនោះឡើយ តែងតែមានការចាប់ផ្ដើមនិងបញ្ចប់ ។
បើទោះជា ណារ៉ូ បានចាកចេញពីកីឡាករអាជីពក៏ពិតមែន ប៉ុន្តែស្នាដៃរបស់គាត់ ជាមួយមិត្តរួមជំនាន់បានជួយឱ្យទង់ជាតិកម្ពុជា រះលើឆាកអន្តរជាតិជាច្រើន ទាំងការជួយក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្កាល់នោះ រូបគាត់ជាផ្នែកមួយជួយឱ្យក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ។
មិនខុសពីអ្នកគាំទ្របាល់ទះជាតិ និងអន្តរជាតិ នោះទេ តែគ្រប់គ្នា សង្ឃឹមថា សួន ចាន់ណារ៉ូ នឹងមិនទៅណាឆ្ងាយពីវិស័យបាល់ទះយើងឡើយ គាត់នឹងសិក្សាស្វែងយល់ពីវគ្គសិក្សានានាបន្ថែម ដើម្បីវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ឬថ្នាក់ដឹកនាំក្លិបបាល់ទះណាមួយនៅថ្ងៃខាងមុខ ។