ខេត្តកណ្ដាល ៖
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅត្រង់ចំណុចខាងមុខយានដ្ឋាន ជាងម៉ាប ជួសជុលរថយន្ត ខាងលើផ្លូវជាតិលេខ២១និងស្ថិតនៅភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង២១និង៥២នាទីថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ រវាង មូតូជាមួយរថយន្ត ។
តាមសមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JH-5857 ពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ បើកបរទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2X-8938 បើកបរទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសបើកបរម៉ូតូ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសារ៉ែនអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅតម្កល់ទុកនៅសាលរបស់មន្ទីរពេទ្យបង្អែកជ័យជំនះ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរក្រុង តាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕