រាជធានីភ្នំពេញ ៖
និស្សិតប្រុសវ័យ១៧ឆ្នាំម្នាក់ បានជិះម៉ូតូបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ១គ្រឿងដែលកំពុងឈប់តាមផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង រីឯប្អូនស្រីបង្កើតវ័យ១២ឆ្នាំ រងរបួសធ្ងន់ ។ បន្ទាប់មក រថយន្ត បានបើករត់គេច ប៉ុន្តែបានចម្ងាយជាង៣០០ម៉ែត្រ ក៏ត្រូវបានកម្លាំងប្រជាការពារឃាត់បាន ទាំងរថយន្តនិងអ្នកបើកបរ រួចនាំទៅសាកសួរនៅប៉ុស្តិ៍កន្ទោក ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងបុរីពិភពថ្មីគម្រោង៦ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះឆេន សុកឈាត ភេទប្រុសអាយុ១៧ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅវិទ្យាស្ថានPSE ចំណែកប្អូនស្រីរងរបួសធ្ងន់ ឈ្មោះឆេន ស្រីពេញ អាយុ១២ឆ្នាំ ។ អ្នកទាំង២នាក់នេះមានស្រុកកំណើតនៅខេត្តកំពង់ចាម និងឪពុកម្ដាយជាអ្នកឡើងត្នោតនិងលក់ទឹកត្នោតជូរ ហើយ ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងឈូល សង្កាត់កន្ទោក ខណ្ឌកំបូល ។
ក្រោយពេលកើតហេតុ នគរបាលការិយាយល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ បាននាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ ៕