រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី  បានដឹកនាំកិច្ចប្រជុំត្រៀមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើទី៤ និងកីឡាំជាតិជនពិការលើទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកព្រឹត្តិការណ៍ និងស្ថិតិ ព្រមទំាងអ្នកតំណាងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើទី៤ និងកីឡាជាតិជនពិការលើទី២ ទៀតផង ។

លោកជំទាវ  គឹម សេដ្ឋានី បានមានប្រសាសន៍ថា ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ក្នុងពិធីបានល្អប្រសើរ។- អ្នកដឹកនាំក្រុមមកចូលរួមពិធី ត្រូវស្វែងរកព័ត៌មានជាមុន អំពីពេលវេលា ចំណតរថយន្ត កន្លែងអង្គុយ ច្រកចេញ/ចូល បន្ទប់ទឹក កន្លែងផ្តល់ទឹកពិសារ និងកញ្ជរទីតាំងសង្គ្រោះបឋម ហើយអ្នកដឹកនាំក្រុមត្រូវផ្សព្វផ្សាយព័ត៌មាននេះទៅកាន់សមាជិករបស់ខ្លួនជ្រាបមុនចូលរួមពិធី ។

លោកជំទាវ បានបញ្ជាក់ថា មន្ត្រីរាជការ និងមហាជន នៅតាមស្ថាប័ននានា ដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធីបើកប្រើប្រាស់រថយន្តរួម និងចូលចតរថយន្តតាមការរៀបចំរបស់គណៈកម្មការ អ្នកដឹកនាំក្រុមត្រូវអប់រំ ណែនាំទៅកាន់សមាជិករបស់ខ្លួនអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ចំណែកអ្នកចូលរួមមិនត្រូវអនុវត្តដូចជា ហាមយកសាក់កាដូ និងកាបូបស្ពាយធំៗ ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី ហាមបង្កសំឡេងរំខានក្នុងអំឡុងពេលថ្នាក់ដឹកនាំថ្លែងសុន្ទរកថា ។

សូមបញ្ជាក់ថា ថ្ងៃពិធីបើកនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោយ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្លមុន្នី ហ៊ុន ម៉ាណែត បានជញ្ជើញមកដល់ និងមានការអុជកាំជ្រួច ៣០វិនាទី សន្ធឹកស្គរ និងការរាប់ថយក្រោយពី ១០ ដល់១ ការដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់អូឡាំពិក និងទង់ប៉ារ៉ាឡាំពិក ក្បួនព្យុះហយាត្រាប្រតិភូកីឡាក្រសួងស្ថាប័ន-រាជធានីខេត្ត និង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រៀង ដោយ ព្រះនាង នរោត្តម ចេណ្ណា និងមហាជនដោយផ្ទាល់ ៕