រដ្ឋបាលប្រជាជនខេត្តហឺណាន និងសមាគមក្បាច់គុនវូស៊ូ (Wushu) ក្នុងក្រុងចឹងចូវ បានរៀបចំពិធីបុណ្យក្បាច់គុនសាវលីញវូស៊ូអន្តរជាតិ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ក្នុងខេត្តហឺណាន។ តបតាមការអញ្ជើញពីម្ចាស់ផ្ទះចិន ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបុណ្យក្បាច់គុនសាវលីញ លើកទី១៣ នេះ រួមជាមួយប្រទេសក្នុងតំបន់ និងពិភពលោកសរុប ៥៦ប្រទេស ។
ក្នុងកម្មវិធីនេះ ក៏មានការសម្តែងរួមគ្នារវាងក្រុមកីឡាករល្បុក្កតោកម្ពុជា និងក្បាច់គុន សាវលីញវូស៊ូ របស់ចិន ក្នុងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន (Henan and Cambodia Bokator Martial Arts) នៅបរិវេណព្រះវិហារវត្តសាវលីញផងដែរ។ តាមរយៈព្រឹត្តិការណ៍អន្តរជាតិនេះ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា បានបង្ហាញក្បាច់គុនដូនតារបស់ខ្លួននៅចំពោះមុខភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២០០នាក់ និងសិស្ស គ្រូ សម្តែងក្បាច់គុន ប្រមាណ ៣ម៉ឺននាក់។លោករដ្ឋមន្ត្រីទេសចរណ៍ដែលទើបឡើងកាន់តំណែងថ្មី ជឿជាក់ថាកម្ពុជាបានផ្សព្វផ្សាយពីក្បាច់គុន និងវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយៈកម្មវិធីដែលរៀបចំដោយម្ចាស់ផ្ទះចិននេះ។ ឯកឧត្តម ហួត ហាក់ បានលើកឡើង នៅក្រោយត្រឡប់ពីប្រទេសចិនវិញថា៖ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ។
តួយ៉ាងកាលពីខែមេសា កន្លងទៅ រដ្ឋបាលប្រជាជនខេត្តហឺណាន បានហសការជាមួយរដ្ឋបាលខេត្តសៀមរាប បញ្ចូនសង្ឃសាវលីញមកទឹកដីកម្ពុជា ដើម្បីសម្តែងរួមគ្នាជាមួយអ្នកគុនល្បុក្កតោ ម្តងរួចមហើយក្នុងកម្មវិធី (When Shaolin Meets Bokator At Angkor) នៅបរិវេណខាងជើងប្រាសាទបាយ័ន។ កម្មវិធីនេះ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជា ៕