បើនិយាយពីវិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សង្កេតឃើញថាមានការរីកដុះដាលដូចផ្សិត មិនថាកម្មវិធីធំ ឬកម្មវិធីតូចនោះទេ។ ដោយការរីកចម្រើនខាងផ្នែកវិស័យប្រកួតសម្រស់នេះហើយ ទើបកាលពីពេលថ្មីៗនេះមានបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាពីររូបបាននាំមកនូវមោទកភាពជូនប្រទេសកម្ពុជាតាមរយៈកាប្រឡងប្រជែងសម្រស់នៅលើវេទិកាពីរផ្សេងគ្នា ក្នុងនោះរួមមាន កញ្ញា មីហ្កា ឌីវ៉ា (Miga Diva) ទទួលបានតំណែងបេក្ខនារីកំពូល 8 រូបចុងក្រោយ ឬ ថប់អេតថ៍ (Top 8) ពីវេទិកាប្រកួតសម្រស់ មីសអ៊ីខ្វលលិធីវើល 2024 (Miss Equality World 2024) ដែលមានប្រទេសថៃគឺជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី 17 ខែ តុលា ឆ្នាំ 2024, ចំណែកឯបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជាមួយរូបទៀត គឺកញ្ញា កែវ សេងលីហួរ ទទួលបានតំណែងបេក្ខនារីកំពូល 20 រូបចុងក្រោយ ឬ ថប់ធ្វេនធី (Top 20) ពីវេទិកាប្រកួតសម្រស់ មីសអរ៉ាអ៊ិនធឺណែសិនណល 2024 (Miss Aura International 2024) ដែលមានប្រទេសទួគីគឺជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី 18 ខែ តុលា ឆ្នាំ 2024 ។ 

ដ្បិតថាបេក្ខនារីទាំងពីររូបខាងលើ មិនទទួលបានឱកាសក្នុងការដណ្តើមមកុដ ឬអាចឈានដល់បេក្ខនារីកំពូល 5 រូបចុងក្រោយពីកម្មវិធីទាំងនោះក៏ពិតមែន ប៉ុន្តែប្រជាជនកម្ពុជាពិតជាមានមោទកភាពយ៉ាងក្រៃលែងដែលមានបវរកញ្ញាទាំងពីររូបនេះតំណាងឱ្យប្រទេសកម្ពុជា និងបានពាំនាំទង់ជាតិកម្ពុជាទៅបង្អួតនៅលើឆាកអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការប្រកួតសម្រស់នេះ នឹងធ្វើឱ្យជនបរទេសកាន់តែស្គាល់ពីប្រទេសកម្ពុជាច្រើនឡើងថែមទៀតផងដែរ ៕