រាជធានីភ្នំពេញ ៖ 

បង្គោលភ្លើងចំនួនបីទីតាំងក្នុងខណ្ឌបឹងកេងកង បានឆ្លងចរន្តឆេះចេញជាផ្កាភ្លើងសន្ធោរសន្ធៅ ផ្អើលដល់ពលរដ្ឋដូចជារថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៩៥  និងផ្លូវលូ១០៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

តាមប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេ ស្របពេលដែលមេឃរលឹមស្រិចៗ ក៏ស្រាប់តែមានឮសូរសំឡេងផ្ទុះ ហើយពួកគាត់ចេញមកមើល ក៏ស្រាប់តែឃើញបង្គោលទល់មុខប៉ុស្តិ៍នគរបាលបឹងកេងកង២ នៅផ្លូវ៩៥ ឆាបឆេះចេញជាផ្កាភ្លើងសន្ធោរសន្ធៅចំនួនពីរកន្លែងជាប់គ្នាពេលនោះផងដែរ។ ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋ ក៏បាននាំគ្នាអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ក៏ស្រាប់តែមានមួយករណីទៀត ទុស្សេឆាបឆេះខ្លាំងដូចគ្នា គឺនៅចំណុចផ្លូវលូ១០៥ ជិតនិងវិទ្យាល័យយុគន្ធរ ទើបពលរដ្ឋរាយការណ៍ជូនទៅដល់ខាងកម្លាំងសមត្ថកិច្ច ចេញរថយន្តអន្តរាគមន៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួនពីរគ្រឿងដោយមួយគ្រឿងមកធ្វើការបាញ់ពន្លត់នៅផ្លូ៩៥ និងមួយគ្រឿងទៀត ទៅធ្វើការបាញ់ពន្លត់នៅផ្លូវលូ១០៥ រហូតដល់ម៉ោង១២និង៣០ថ្ងៃដដែល ទើបធ្វើឲ្យភ្លើងរលត់ទៅវិញជាស្ថាពរផងដែរ ។ 

ក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចបានអោយដឹងថា មិនបង្កឲ្យមានការរីករាលដាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឬក៏មានមនុស្សគ្រោះថ្នាក់នោះទេ គឺគ្រាន់តែខូចខាតខ្សែភ្លើងនិងខ្សែអុបទិកនិងប្រអប់ភ្លើងអស់មួយចំនួនធំតែប៉ុណ្ណោះ ៕