ខេត្តកណ្តាល

ប្រជាពលរដ្ឋសម្តែងការសាទរ ចំពោះសមត្ថកិច្ចស្រុកស្អាង ដែលបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង០៩នាក់បន្ថែមទៀតករណីរក្សាទុកអាវុធសម្រាប់ ប្រហារ  ប្រើប្រាស់គ្រឿងញៀន និង មានខ្លះធ្លាប់មានប្រវត្តិឆក់ទូរសព្ទ័កាប់ប្លន់យកម៉ូតូអ្នកដំណើរ   ដែលហេតុការណ៍បង្ក្រាបខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ និង០៥នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតនៅក្នុងភូមិ អន្លង់តាសេក ឃុំព្រែកអំបឹល ស្រុកស្អាង ខេត្តកណ្តាល ។ 

ជនសង្ស័យទាំង០៩នាក់ ជាជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដនិងមានផ្ទុកនូវសារធាតុញៀនផងដែរ។ វត្ថុតាងចាប់យក៖ 

-កាំបិតផ្កាក់ ផ្លែដែក ដងដែក ចំនួន០១, -ដាវ ផ្លែដែក ដងឈើ ចំនួន០១, -ញញួរដែក ចំនួន០១ និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ ។

លោកវរៈសេនីយ៍ឯក រស់ ចាន់ថា  អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា÷ 

កន្លងមក ជនសង្ស័យ តែងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន និងបង្កភាពអណាធិបតេយ ក្នុងមូលដ្ឋាន។ លុះនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បាន សហការជាមួយកម្លាំងប៉ុស្តិ៍នគររដ្ឋបាលព្រែកអំបឹល បានធ្វើការស្រាវជ្រាវ ស្វែងរកក្រុម ជនសង្ស័យ ឃើញកំពុងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀននៅទីតាំងខាងលើ  បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន និងបានឆែកឆេរឃើញវត្ថុតាងខាងលើនៅទីនោះ និងធ្វើការនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពួកក្រុមខ្លួនតែងតែប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀននៅទីតាំងខាងលើ ពិតប្រាកដមែន  និងយោងតាមចម្លើយសារភាព របស់ឈ្មោះ ឌន ឧត្តម បានឆ្លើយថាខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅក្រុងតាខ្មៅបាន ចំនួន០២លើក និងកាប់យកម៉ូតូនៅផ្លូវក្រវ៉ាត់ក្រុងទី៣ បានចំនួន០២លើក ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕