កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតករ និងពិធីករ លោក តាប៊ុយ ត្រូវមហាជនលើកទ័ពរិះគន់ឥតសំចៃមាត់ បន្ទាប់ពីបានបង្ហោះរូបភាព Pre-Wedding របស់កញ្ញា សុភ័ក្រ កុសម៉ា និងគូដណ្តឹង ក្លែមជាមួយពាក្យសម្តីក្នុងន័យលេងសើចជ្រុលហួសហេតុនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក។ ក្នុងន័យនោះ លោក បានបង្ហោះសារនៅលើរូបភាពរបស់តារាស្រីជាមួយគូដណ្តឹងខាងលើនេះថា “តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី” ។
ភ្លាមនោះស្រាប់តែកញ្ញា សុភ័ក្រ កុសម៉ា បានតបទៅវិញទាំងការអាក់អន់ស្រពន់ចិត្ត ដោយបានពោលពាក្យទាំងនេះទៅកាន់ តាប៊ុយ ថា ជាការមិនឱ្យតម្លៃដល់នាង និងគូដណ្តឹង ថែមទាំងបានបន្ទាបតម្លៃនាងក្នុងនាមជាស្ត្រីខ្មែរ និងជាការមើលងាយដល់គូដណ្តឹងរបស់នាងផងដែរ។ បន្ទាប់ពីមានការប្រត្តិកម្មពី កុសម៉ា ភ្លាមនោះស្រាប់តែ តាប៊ុយ បានឆាត និងចេញជាវីដេអូសុំទោស ទៅកាន់កញ្ញា សុភ័ក្រ កុសម៉ា ឱ្យផ្តល់ការអធ្យាស្រ័យ និងលើកលែងទោសនូវការនិយាយលេងសើចលើសលស់បែបនេះ ។
យ៉ាងណាមិញបញ្ហាដែលបានកើតឡើងខាងលើនៅមិនទាន់ចប់ត្រឹមនេះនោះទេ ពោលគឺមានអ្នកសិល្បៈជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង នូវការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទាំងនោះ បន្ថែមពីការរិះគន់នេះទៀតសោត ក៏មានមហាជនជាច្រើនបានដាក់រហ័សនាមឱ្យ តាប៊ុយ ថា គឺជា ម៉ៃសុគន្ធទីពីរ ថែមទៀតផង ៕