គោលបំណងសំខាន់៣ ក្នុងការបង្កើតកម្មវិធីប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណប្រចាំឆ្នាំ គឺដើម្បីប្រមូលចងក្រងក្បាច់គុនបុរាណខ្មែរទាំងអស់ រួចហើយយកទៅផ្សព្វផ្សាយ មុនដាក់ឱ្យអនុវត្តន៍។ នេះជាការលើកឡើងរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អំឡុងពេលសម្តេច ជួបអត្តពលិក គ្រូបង្វឹក ព្រឹទ្ធាចារ្យ ក្បាច់គុនខ្មែរនៅវិមានពហុកីឡដ្ឋានអូឡាំពិកនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកផ្តូចផ្តើមគំនិតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នកីឡាជាតិ រៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ នេះ ។ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ នឹងមានអ្នកគុននិយម៧ប្រភេទ សរុប៤២៩រូប ដែលរួមមាន ប្រដាល់គុនខ្មែរ យុទ្ធក្រមខម ល្បុក្កតោ និងចំបាប់ជាដើម ប្រកួតចម្រុះគ្នាជាប្រភេទលំនាំគុនចម្រុះ (MMA) ដោយរក្សាក្បាច់គុនបុរាណខ្មែរ ។ 

ក្នុងពេលអង្គុយសំណេះសំណាលជុំគ្នាក្រៅផ្លូវការជាមួយ អត្តពលិក គ្រូបង្វឹក ព្រឹទ្ធាចារ្យគុនមកពីតំបន់ផ្សេងៗគ្នានៅវិមានពហុកីឡដ្ឋានអូឡាំពិក សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពីគោលបំណងរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីគាស់រំលើងក្បាច់គុនដូនតាខ្មែរតាមតំបន់នានា ដើម្បីយកមកចង់ក្រងចងគ្រងជាឯកសារ មុនពេលបន្តផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តន៍ ។

សម្តេច ចង់ឱ្យពលរដ្ឋខ្មែរទាំងអស់បានស្គាល់ និងយល់ដឹងពីក្បាច់គុនដូនតាខ្មែរជារួមមួយ និងថែរក្សាកេរតំណែងនេះមិនឱ្យបាត់បង។ សម្តេចនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានសម្រេចរួមមកហើយ ក្នុងការបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតា ដើម្បីគាស់រំលេចដួងព្រលឹងក្បាច់គុនបុរាណខ្មែរឱ្យងើបឡើងវិញ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយ ។

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» នឹងមានការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តច្រើនផងដែរ។ ប្រាក់រង្វាន់កម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន៣០០០ដុល្លារ មេដាយប្រាក់ ២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ចំណែកការប្រកួតកម្រិតមិនអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន ២៥០០ដុល្លារ ប្រាក់ ២០០០ដុល្លារ និងសំរិទ្ធ ១០០០ដុល្លា ។ 

លើសពីនេះ នឹងមានការផ្តល់ពានរង្វាន់អត្តពលិកឆ្នើម តាមវិញ្ញាសានីមួយៗថែមទៀត ដែលមានរង្វាន់ម៉ូតូថ្មី១គ្រឿងស្មើនឹងតម្លៃ៣ពាន់ដុល្លារផងដែរ ៕