កំពង់ឆ្នាំង ៖
ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុករលាប្អៀរ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចគាស់ផ្ទះ ដែលករណីនេះ កើតឡើងនៅម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះ ចាប សុវណ្ណា ស្ថិតក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ មានឈ្មោះ ឡី វីន(សុខ ខឿន )ភេទស្រី អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបច្ចុប្បន្ន ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានមុខរបរមិនពិតប្រាកដ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនធ្វើសកម្មភា ពខ្លួនបានជិះរថយន្តពីផ្សារបែកចាន មកចុះនៅផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយ បានចុះដើរថ្មើជើងតាមបណ្ដោយផ្លូវជាតិលេខ៥៣ ឆ្ពោះទៅទិសខាងលិច។ ពេលដើរមកដល់ចំណុចផ្លូវបេតុងចូលក្នុងភូមិចំការម៉ៅ ចំណុចផ្ទះកើតហេតុខាងលើ ខ្លួនក៏បានផ្លោះរបងចូលធ្វើសកម្មភាពយកកាំបិតតាំងតោ ដែលម្ចាស់ផ្ទះទុកនៅផ្ទះបាយ យកគាស់ផ្ទះចូលទៅខាងក្នុងនិងរើជជុះសំលៀកបំពាក់រករបស់ដែលមានតម្លៃ ។ ភ្លាមៗនោះ ស្រាប់តែម្ចាស់ផ្ទះមកទាន់ ជនសង្ស័យក៏បានផ្លោះរបងរត់គេចចេញ តែត្រូវម្ចាស់ផ្ទះ ចាប់ឃាត់បានតែម្ដង និង ប្រគល់ជូនសមត្ថកិច្ ច។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕