រាជធានីភ្នំពេញ ៖
ផ្ទះវិឡារបស់លោក លី សាម៉េត ត្រូវបានកម្លាំងនគរបាលធ្វើការឡោមព័ទ្ធទាំងយប់ ដើម្បីតាមចាប់ខ្លួន បន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយរឿងលោក លី សាម៉េត យកឈ្មោះសម្តេច ដើរបោកប្រាស់គេយកលុយរាប់ម៉ឺនដុល្លារ និងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីកា បង្កកទ្រព្យសម្បត្តិ លី សាម៉េត និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់ ។ ផ្ទះវីឡាលោកលី សាម៉េត ដែលត្រូវកម្លាំងឡោមព័ទ្ធស្ថិតនៅផ្ទះលេខL១៣ បុរី រិទ្ធភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមព័ត៌មានឱ្យដឹងថានៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី០៧ខែតុលានេះ សមត្ថកិច្ចបានចុះទៅឡោមព័ទ្ធផ្ទះវីឡារបស់លោកលីសាម៉េត រហូតដល់ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៨ខែតុលា ទើបសមត្ថកិច្ចបានដកវិញ តែដាក់កម្លាំងចាំឃ្លាំមើល។ តាមសមត្ថកិច្ចអោយដឹងថា លោកលី សាម៉េត ពុំបាននៅផ្ទះឡើយ ខណៈពេលដែលសមត្ថកិច្ចឡោមព័ទ្ធ គឺនៅសលតែប្រពន្ធ ។
គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាតិ បានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយមានខ្លឹមសារថា ដោយរឿងច្រើនពេក ថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត ហៅគ្រូមា ។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួន ចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង ។
នៅក្នុងសារនេះ សម្តេចអោយដឹងថា ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំ។ តែពេលសុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ ដោយពេលនោះ យកលី សាម៉េត ទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ ។ មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅមួង ឃីមចំនួន២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំ អមដោយសារសម្លេងឆ្លងឆ្លើយគ្នា ។ ថ្ងៃនេះ ខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជា អភិបាលក្រុងអរិយក្សត្ រ។
នៅក្នុងសារនោះ សម្តេច ក៏បានស្នើ៖១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។ ២.អ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ ។ ៣.ឯកឧត្តមគី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ បន្ទាប់ពីសម្តេចបានបង្ហោះសារនៅវេលាយប់សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញនិងមូលដ្ឋានក៍បានចុះឡោមវិឡាលោកលី សាម៉េតតែម្តង ៕