រដ្ឋបាលខេត្តក្រចេះ បានរៀបចំទូក «ង» ចំនួន២១ទូក ដោយក្នុងនោះមានទូក ខ្នាតពិសេសចំនួន ៥ទូក និងទូក «ង» ខ្នាតអន្តរជាតិចំនួន ១៦ទូក ដើម្បីចូលរួមប្រណាំងអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ ។
ទូក «ង» ទាំង ២១ របស់ខេត្តក្រចេះ ដែលបានត្រៀមចូលរួមប្រណាំង នៅរាជធានីភ្នំពេញនាថ្ងៃខាងមុខនោះ គឺបានរៀបចំចេញពីតាមបណ្ដាស្រុកក្រុងចំនួន ៤ ក្នុងខេត្តក្រចេះ មានក្រុងក្រចេះ ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូងដោយ ក្នុងនោះមាន កីឡាករ ជាចំណុះទូក អុំ សរុបចំនួន ៧២៨នាក់ និងបម្រុងចំនួន ២៧៦នាក់ ។
រដ្ឋបាលខេត្ដក្រចេះ ក៏បានអំពាវនាវ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ក្រុមហ៊ុន សហគ្រាស និងសាធារណជន មេត្តាចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារតាមលទ្ធភាពដើម្បីលើកទឹកចិត្តដល់កីឡាករទូកង ដែលនឹងត្រូវចូលរួមប្រណាំងនាពេលខាងមុខនេះផងដែរ ៕