រាជធានីភ្នំពេញ ៖
ជនសង្ស័យម្នាក់ សកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានហើយ រត់គេចមិនរួចត្រូវកម្លាំងអន្តរាគមន៍ពិសេសនៃអធិការខណ្ឌមានជ័យដេញតាម ឃាត់ខ្លួនបានភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ទល់មុខវត្តវត្តស្ទឹងមានជ័យផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូហុងដាឌ្រីមស៊េរី ឆ្នាំ២០១៦មួយគ្រឿង ចេញពីផ្ទះនៅម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ គោលបំណងទៅរង្វង់មូលស្ពានជ្រោយចង្វារ ដើម្បីជិះឡានក្រុង បន្តទៅស្រុកកំណើតនៅខេត្តស្ទឹងត្រែង ។
លុះជិះម៉ូតូតាមផ្លូវ២១៧ទិសដៅពីលិចទៅកើត ហើយ មកដល់ចំណុចកើតហេតុទល់មុខវត្តស្ទឹងមានជ័យ រូបគាត់បានឈប់ម៉ូតូរួចទាញទូរស័ព្ទមកចុចមើល Map(ម៊ែប) ភ្លាមនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មិនដឹងថាដើរមកពីណាទេ ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទគាត់បានសម្រេច រួចហើយរត់គេចខ្លួនចូលទៅចំហៀងច្រកវត្តស្ទឹងមានជ័យ តែភ្លាមនោះ រូបគាត់ បានស្រែកថាចោរៗនិងជិះម៉ូតូដេញតាម ។
គាប់ជួន ក៏ជួបនិងកម្លាំងអន្តរាគមន៍ពិសេសនៃអធិការនគរបាលខណ្ឌមានជ័យដែលល្បាតនៅទីនោះ បានជួយដេញប្រផាប់ចាប់ប្រភីងរហូតដល់ប្រឡាយស្ទឹងមានជ័យ ក៏ ឃាត់បានជនសង្ស័យ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះបានមកវិញ ផងដែរ ។
ករណីនេះ ជនសង្ស័យប្រកែកថាមិនបានឆក់នោះទេ តែត្រូវម្ចាស់ទូរសព្ទ័មកដល់ ចង្អុលបង្ហាញថាជាអ្នកឆក់ទូរសព្ទ័ពិតប្រាកដមែន ទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ តែម្ដង ៕