ភ្នំពេញ ៖ 

អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារីខ្មែរអ៊ិស្លាម  ដែលគេស្គាល់ថាជាកូនអ្នកឧកញ៉ា សុះ កំរ៉ីចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធបៀតបៀនរាងកាយ និង រំលោភបំពាន លើកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ។ ជនសង្ស័យឈ្លោះ កាម៉ារូទីន ស៊ូ ហៃមី អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារីនៃសាលារៀនអាន់នៀកម៉ះភ្នំពេញ ដែលស្ថិតនៅគីឡូម៉ែត្រលេខ៩ក្នុងខណ្ឌឬស្សីកែវ ។ 

តាមព័ត៌មានឱ្យដឹងថាការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីតុលាការ បញ្ជាឲ្យនគរបាល ហៅជនសង្ស័យទៅសាកសួរនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។

គួរបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន០៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន ។

ជនសង្ស័យត្រូវបាន ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕