បន្ទាយមានជ័យ ៖
សមត្ថកិច្ច ឃាត់ខ្លួនឃាតករដែលសំលាប់ប្អូនបង្កើតនៅខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ។ លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេតបន្ទាយមានជ័យ បានឲ្យដឹងថា៖ជនសង្ស័យដែលជាឃាតករ មានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ ៣១ឆ្នាំ (មុខរបរត់តាក់ស៊ី) រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ ។
លោក បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ជឿន ស្រីអូន ហៅយ៉ា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងឈ្មោះ ស្រង់ សុវណ្ណ ត្រូវជាបងថ្លៃ ដែលបានវាយសំលាប់ឈ្មោះ ស្រង់ នុត្រា ហៅឡុង ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្តី) កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការណ៍កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាឃាតករឈ្មោះ ស្រង់ សុវណ្ណ ដែលលាក់ខ្លួនក្នុងផ្ទះសាច់ញាតិខាងប្រពន្ធកាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង សង្កាត់គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយឃាត់ខ្លួន ជនសង្ស័យដែលជាឃាតករ ឆ្លើយសារភាពថាមូលហេតុ វាយសំលាប់ប្អូនប្រុសពៅ ឈ្មោះ ស្រង់ នុត្រា ហៅ ឡុង ព្រោះតែឈ្លោះប្រកែករឿងច្រណែនខ្លួនស្នាក់នៅផ្ទះម្តាយ ខ្លាចយកទ្រព្យម្តាយហើយខឹងខ្លាំង ទើបទាញចបជីកដែកវាយ ចំកញ្ជាំង(ក)ដួលស្លាប់និងកន្លែង ហើយ គេចខ្លួនត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យឃាត់ខ្លួន ៕