រាជធានីភ្នំពេញ ៖

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមរយៈពេល ៤ ថ្ងៃ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤  ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៤ ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ។ 

ក្នុងឱកាសពិធីបិទជាផ្លូវការវគ្គខាងលើនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក លី ចាន់សុភក្តី ជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានគ្រប់គ្រងវគ្គ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ។  

លោក លី ចាន់សុភក្តី បានមានប្រសាសន៍ថា យោងតាមផែនការសកម្មភាពរបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបើកវគ្គអាជ្ញាកណ្ដាលចៅក្រម ថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោមករឧបត្ថម្ភថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមានសិក្ខាកាមចំនួន ២៥ នាក់ មកពីបណ្ដាលក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ដូចជាក្រសួងកាពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តប៉ៃលិន ។ 

លោកាបានបន្តថា វគ្គនេះបង្រៀនដោយគ្រូឧទ្ទេស លោកគ្រូ NGUYEN VANCUONG ជាលោកគ្រូបង្វឹកជនជាតិវៀតណាម និងលោកគ្រូ ទេព ជីវសុខុម ជាអាជ្ញាកណ្ដាលអន្ដរជាតិ។  ឆ្លងតាមរយៈការបញ្ចប់វគ្គយើងទទួលបានសិក្ខាមទទួលបាននិទ្ទេសល្អ ៧០ ភាគរយ មធ្យម ២០ ភាគរយ ខ្សោយ ១០ ភាគរយតាមនាមខ្ញុំជាគណៈគ្រប់គ្រងវគ្គ សូមធ្វើការវាយតម្លៃខ្ពស់ សម្រាប់វគ្គនេះពិតជាបានបណ្តុះបណ្តាលធនធានដែលមានគុណភាពខ្ពស់សម្រាប់ចូលរួមជាអាជ្ញាកណ្តាលចៅក្រមកាត់សេចក្ដីក្នុងពេលប្រកួតប្រកបដោយវិជ្ជាជីវៈខ្ពស់ និងដោយការទទួលខុសត្រូវ ។

ឯកឧត្តម អ៊ូ រតនា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមធ្វើឡើងដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់កីឡាវ៉ូវីណាម ដែលនឹងធ្វើឡើងពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដែលមាន៩ក្រុម  មកពីក្រសួង និងរាជធានីខេត្តចូលរួម។លោកសូមវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោម ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។ 

ឯកឧត្តម បានបញ្ជាក់ថា  វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវ៉ូវីណាមនាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ៕