ខេត្តកណ្តាល ៖

ឳពុកម្តាយគឺជាព្រះនៅក្នុងផ្ទះ ដែលកូនៗគ្រប់រូបត្រូវតែគោរពប្រណិបត្តិដោយសេចក្តីតបគុណកត្តញ្ញូ  តែចំឡែកជនសង្ស័យ ជាកូនប្រុសម្នាក់នេះ ដែលធ្លាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែរហូត០៤លើក ពេលចេញមកវិញ សុំលុយឳពុក ២លានរៀល សម្រាប់ចូលស្តីដណ្តឹងប្រពន្ធ លើកទី០៤ តែឳពុកជួយបានត្រឹម ១លាន ៥០ម៉ឺន រៀល ក៏ត្រូវលោកកូនខឹងសម្បា ទាញកាំបិត បុង័តោ ស្រែកគម្រាមថានឹងសម្លាប់ឱពុកខ្លួនឯង ដែលហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ១១.០០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថាជនរងគ្រោះ ឈ្មោះ សុន សៅ អាយុ៧៥ឆ្នាំ (ជាឳពុកបង្កើត) ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុ។  ចំនែកជនសង្ស័យត្រូវជាកូនបង្កើត មានឈ្មោះ សៅ សៀងហៃ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅជាមួយឳពុកម្តាយ  ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែអប់រំឱកាសខ្ញុំនៅរាជធានីភ្នំពេញចំនួន០៤លើក ។ ចំពោះវត្ថុតាងចាប់យក គឺ -កាំបិតបុ័ងតោចំនួន ០១ ដើមផ្លែដែកដងឈើ មានប្រវែង ៣០ ស.ម (សង់ទីម៉ែត្រ ។

លោកអធិការ បានឲ្យដឹងទៀតថា÷ជនសង្ស័យធ្លាប់មានប្រពន្ធ០៣ដងមកហើយ និងមានកូនប្រុសម្នាក់ តែប្រពន្ធទាំង០៣មុនៗ បានលែងលះទាំងអស់ ហើយកន្លងមក ជនសង្ស័យឲ្យតែខឹង តែងតែគំរាមកំហែងរកកាប់សម្លាប់ឪពុកម្ដាយជាញឹកញាប់។ លុះនៅវេលាកើតហេតុ ជនសង្ស័យបានទៅសួរនាំជនរងគ្រោះជាឳពុក រឿងលុយចូលស្តីប្រពន្ធចំនួន២លានរៀន ហើយជនរងគ្រោះ បានប្រាប់ទៅជនសង្ស័យវិញថា គាត់ជួយលុយបានតែ១លាន៥០ម៉ឺនរៀល ទេ សម្រាប់ទៅស្តីប្រពន្ធនៅខេត្តកំពត  ចំនែកដី១ឡូតិ៍គឺទុកអោយចៅ។ ពេលនោះ ជនសង្ស័យខឹងនិងជនរងគ្រោះយ៉ាងខ្លាំង ក៏ប្រើពាក្យសម្តី ធ្ងន់ៗ រួចហើយជនសង្ស័យក៏បានដើរចូលទៅក្នុងផ្ទះបាយ យកកាំបិតបុ័ងតោនិងស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះជាឳពុកនិងម្ដាយបង្កើតថែមទៀត ។ 

ដោយទ្រាំនិងទង្វើរបស់ជនសង្ស័យមិនបាន ជនរងគ្រោះក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕