រាជធានីភ្នំពេញ ៖ 

ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃអង្គារទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ជាមួយបេក្ខជនចូលរួមប្រឡង សរុបជាង១៣ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯ.ឧ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ។

ការប្រឡងនៅថ្ងៃទី០៨ ខែសីហានេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ រួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស ។ ហើយនៅថ្ងៃទី០៩ ខែតុលា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមាន មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន មុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៨ តុលា ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន៧ពាន់៤០ នាក់ (ស្រី ៧ម៉ឺន៤ពាន់ ៨រយ៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ម៉ឺន៩ពាន់ ៣រយ៥៨នាក់ (ស្រី ២ម៉ឺន៣ពាន់ ៧រយ១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩ម៉ឺន៧ពាន់ ៦រយ៨២ នាក់ (ស្រី ៥ម៉ឺន១ពាន់ ១រយ៦៧នាក់) ។ បេក្ខជន ត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី/ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។

មណ្ឌលសំណេរមានចំនួនសរុប ២៣០មណ្ឌល ត្រូវជា ៥ពាន់៥រយ៣៣បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ពាន់៦រយ០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ពាន់៩រយ៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ៕