ខេត្តកណ្តាល ៖
ពិតជាកូនអកត្តញ្ញូ លែងស្គាល់បាបបុណ្យ ចាត់ទុកអ្នកមានគុណជាសត្រូវ ដែលជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០២ឆ្នាំ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ តែពេលបានចេញមកវិញ បែរជាយកកាំបិតប៉័ងតោ គម្រាមនឹងសម្លាប់ឳពុកម្តាយខ្លួនឯងថែមទៀត។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង០៦.៣០នាទីព្រឹក ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ នៅចំណុចភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
លោក យ៉ុង យ៉ុន ប្រធានក្រុមប្រឹក្សាឃុំកោះខែល បានជួបនិងប្រាប់ដោយផ្ទាល់ឲ្យដឹងថា÷ជនរងគ្រោះឈ្មោះ គួយ រ៉ាន់ អាយុ៤៦ឆ្នាំ ជាម្តាយបង្កើត។ ចំនែកជនសង្ស័យឈ្មោះ យន់ គឹមស៊ឹង ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ ត្រូវជាកូនបង្កើត មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទរក្សាទុកគ្រឿងញៀនដើម្បីប្រើប្រាស់ ។ ចំពោះវត្ថុតាងចាប់យកបាន មាន÷កាំបិតប៉័ងតោ ចំនួន០១ដើមផ្លែដែកដងឈើ ។
លោកមេឃុំ បានប្រាប់បន្តទៀតថា÷កន្លងមក ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ជាប្រចាំនិងធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះជាឱពុកម្តាយ ជាញឹកញាប់ តែជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ តែនៅថ្ងៃកើតហេតុ ពេលជនរងគ្រោះកំពុងរៀបចំផ្ទះ ស្រាប់តែជនសង្ស័យស្រែកឡូឡា និង បានយកកាំបិតបុ័ងតោ ស្រែកគំរាមកំហែង រកកាប់សម្លាប់ជនរងគ្រោះ ។
ដោយមានការភ័យខ្លាច ជនរងគ្រោះ ក៏បានរត់ទៅផ្ទះលោកមេភូមិឲ្យជួយ និងទូរស័ព្ទ រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕