ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា បន្តជួយផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារគ្រឿងញៀន និង ឥទ្ធិពលអាក្រក់ ដល់យុវជនគ្រប់ស្រទាប់វណ្ណៈ។ ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាប្រដាល់គុណខ្មែរ ស្តីពីកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)ម្សិលមិញនេះ ។ 

ឯកឧត្តមទេសរដ្ឋមន្ដ្រី ព្រុំ សុខា បានគូសបញ្ជាក់ថា ការជំរុញលើកទឹកចិត្តឱ្យបន្តចូលរួមផ្សព្វផ្សាយនេះ សំដៅធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងារអាទិភាព តាមរយៈការដាក់បញ្ចូលទៅក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនៃការរួបរួមគ្នា ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមឲ្យបានកាន់តែសកម្ម ធ្វើយ៉ាងណាឱ្យយុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ បានយល់ដឹងកាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ ។ 

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា រាល់ព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែរកំពុងតែមានប្រជាប្រិយភាព និងជាទីច្បាប់អារម្មណ៍ពីអ្នកគាំទ្រ ដែលអាចចាក់ចូលដល់ក្នុងក្រអៅបេះដូងរបស់មហាជនគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនតែម្តង ដែលនេះបញ្ជាក់ឲ្យឃើញថា កីឡាករ កីឡាការនី ប្រដាល់កូនខ្មែរពិតជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយ និងការអប់រំពីផលអាក្រក់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ ឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានប្តេជ្ញាចិត្តថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន ឱ្យបានទូលំទូលាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅតាមគ្រប់វេទិការប្រកួតកីឡាប្រដាល់គុនខ្មែរ ៕