បន្ទាយមានជ័យ ៖
ជនសង្ស័យម្នាក់ ត្រូវបានម្តាយខាងស្រី ប្តឹងពីបទរំលោភកូនស្រី អាយុ១៥ឆ្នាំ តែជនសង្ស័យអះអាងថានាង ជាសង្សារបស់ខ្លួន ហើយ ធ្លាប់គេងជាមួយគ្នាមិនចេះតិចដងមកហើយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ប្រាប់ឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ ឈឿន ណយ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លោក បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងម្តាយជនរងគ្រោះ ប្តឹងជនសង្ស័យ ឈ្មោះ ឈឿន ណយ ថាបានធ្វើសកម្មភាពរួមភេទជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ជួលភូមិ រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នោះមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នៅភូមិខាងលើ ហើយ នាំទៅសាកសួរ ។
តាមចម្លើយ ជនសង្ស័យសារភាពថាខ្លួនពិតជាបានរួមភេទជាមួយនាងមែន តែអះអាងថានាងជាសង្សារបស់ខ្លួន ហើយ ធ្លាប់គេងជាមួយគ្នាមិនចេះតិចដងមកហើយ ដែលមានការព្រមព្រៀងក្នុងនាមជាសង្សារនិងគ្នា តែក្រោយមក ម្តាយខាងស្រី ប្តឹងសមត្ថកិច្ចចាប់ខ្លួនទៅវិញ ៕