រាជធានីភ្នំពេញ ៖ 

អគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែង នៅតាមបណ្តោយផ្លូវ 77BT ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពីអ្នករស់នៅខាងក្នុងផ្ទះ បានប្រាប់អោយដឹងថាមុនកើតហេតុ គេឮសម្លេងផ្ទុះចេញពីខាងក្រោយឃ្លាំង ដែលជាប់និងផ្ទះ។ ស្របពេលឮដូច្នោះ គាត់ បានរត់ទៅក្នុងឃ្លាំងមើល ក៏បានឃើញមានផ្សែងលាយលំអណ្តាតភ្លើង។ ភ្លាមៗ គាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែពេលរត់ត្រឡប់មករកវិញ ឃើញថាឆាបឆេះកាន់តែខ្លាំងទៅ ។ កំឡុងពេលនោះ គាត់បានព្យាយាមយកបំពង់បាញ់ដែរ ប៉ុន្តែដោយសារមានផ្សែងច្រើន លាយលំនិងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ  ភ្លាមៗគាត់ ក៏ប្រញាប់ រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលា ជៀសវាងបង្កការរាលដាល ។ 

គ្រោះអគ្គិភ័យនេះដែរ បានឆាបឆេះឃ្លាំង ប្រក់ស័ង្កសីចំនួន០១ ឃ្លាំង ស្ទើរទាំងស្រុង និងបង្កអោយម៉ូតូមួយគ្រឿងឆេះអស់ ០១គ្រឿង និងសម្ភារៈមួយចំនួនផងដែរ និងបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការរាជធានីចំនួន ១០គ្រឿង រួមជាមួយរថយន្តជំនួយរបស់កងរាជធាវុធហត្ថ ០២ គ្រឿង និង រថយន្តស្រាបៀរកម្ពុជា ០១គ្រឿង បាញ់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុនៃអគ្គិភ័យ សមត្ថកិច្ចបានសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕