ក្នុងពិធីបិទបញ្ចប់វគ្គសាមគ្គីអូឡាំពិកស្ដីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ខេ សីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា សិក្ខាកាមជាគ្រូបង្វឹកកីឡាចំបាប់មកពីបណ្តាខេត្ត ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល១២ថ្ងៃនេះ នឹងក្លាយជាសារៈសំខាន់នៃការចែករំលែកចំណេះដឹងចំបាប់បែបគរុកោសល្យដែលបានផ្តល់ជូនដោយ លោក គ្រូ Marty Hauck អ្នកជំនាញកីឡាចំបាប់កម្រិតមេដាយមាសរបស់សហរដ្ឋអាមេរិក។.  អនុប្រធានរូបនេះ បានគូសបញ្ជាក់ទៀតថា តាមរយៈវគ្គសិក្សាសាមគ្គីអូឡាំពិកនេះ វានឹងរួមចំណែកផលិតបាននូវធនធានកីឡាចំបាប់វ័យក្មេងនៅតាមបណ្តាខេត្តបានកាន់តែច្រើន ដ្បិតវគ្គនេះជាលើកទី១ហើយ បានធ្វើការបណ្តុះបណ្តាលដល់គ្រូៗនៅតាមបណ្តាខេត្ត ។

ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលជាគ្រូបង្រឹកដែលបានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិពាក់ព័ន្ធនិងគោលការណ៍បច្ចេកទេសនៃការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹក ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិកគ្រូចំបាប់កម្រិតជាតិមួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល៥ខែ ដោយ គិតចាប់ពីថ្ងៃទី១ ខែ កក្តដា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើគោលបំណងសំខាន់ចំនួន៤រួមមាន៖

១. បង្កើតគោលនយោបាយថ្មីសម្រាប់ការប្រកួតនិងការបង្វឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ ។

២.កម្មវិធីកំណត់ទេពកោសល្យនិងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេង ដើម្បីទទួលបានជោគជ័យ ។

៣.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានាបាននូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស ។

៤. អភិវឌ្ឍន៍ធនធានមនុស្សនិងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមសម្តែងនូវការកោតសសើរចំពោះសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលមានចក្ខុវិស័យនិងផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានកីឡាករកីឡាការិនី មន្រ្តីបច្ចេកទេស និងគ្រូបង្វឹក ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានសេចក្តីសោមនាស់រីករាយក្នុងការបន្តកិច្ចសហការជាមួយសហព័ន្ធលើការពង្រឹងគុណវុឌ្ឍកីឡាករកីឡាការិនីជម្រើសជាតិ និងបណ្តុះបណ្តាលធនធានគ្រូបង្វឹកដើម្បីអភិវឌ្ឍកីឡាចំបាប់ឱ្យក្លាយជាប្រភេទកីឡាសក្កានុពលកម្រិតអូឡាំពិកនៅពេលខាងមុខ ។

សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ មានសិលក្ខាកាម២៥នាក់ មានរយៈពេល១២ថ្ងៃ ពីថ្ងៃទី០៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាត់ដោយគ្រូឧទ្ទេស លោក Marty Hauck គ្រូចំបាប់ជនជាតិអាមេរិកាំង ដែលសហព័ន្ធកីឡាចំបាប់ពិភពលោកបញ្ជូនមកតាមរយៈក្រោមគម្រោងសាមគ្គីអូឡាំពិកអន្តរជាតិ ៕