ខេត្តកំពង់ស្ពឺ  ៖ 

រឿងដ៏ចម្លែកមួយ បានកើតឡើង ដោយកូនប្រុសបង្កើតបាននាំបក្ខពួក មកធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ខ្លួនដើម្បីលួចយកម៉ូតូ ស្រាប់តែឪពុកភ្ញាក់ទាន់ ប្រតាយប្រតប់ដណ្តើមយកម៉ូតូពីចោរ លោកកូនបង្កើត ចិត្តដាច់ទាញកាំបិតកាប់ក្បាលឪពុក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉០១និង១៥រំលងអាធ្រាត្រ ឈានចូលថៃ្ងទី២៦ ខែតុលា ២០២៤ នៅក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថា ម៉ូតូដែលត្រូវចោរចូលលួចនោះ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ បិទតែម ឡើងស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1C.6908  ជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ ។

ជនរងគ្រោះជាឪពុក បានរងរបួសធ្ងន់ ព្រោះតែការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលលោកចោរ បានចូលលួចនៅពាក់កណ្ដាលអាធ្រាត្រ ហើយ ក្រុមចោរដែលចូលធ្វើសកម្មភាពលួចគឺជាបក្ខពួករបស់កូនបង្កើត និងបានកាប់ឪពុករបស់ខ្លួនមួយកាំបិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើម ខណៈពេលឪពុក ភ្ញាក់ដឹងខ្លួន ស្របពេលបក្ខពួករបស់កូន បាន កំពុងតែចាត់វិធានការលួចយកម៉ូតូ ។

មន្ត្រីនគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនបានឈ្មោះ តោ ភក្រ្តា ដែលជាកូនប្រុសបង្កើតជនរងគ្រោះ បានសារភាពថា ខ្លួននិងបក្ខពួកចំនួន ២នាក់ទៀត បានធ្វើសកម្មចូលទៅលួចយកម៉ូតូរបស់ឪពុកខ្លួនពិតប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វើសកម្មភាព ហើយឪពុករបស់ខ្លួនបានភ្ញាក់ដឹងខ្លួនទាន់ និងបានប្រតាយប្រតប់ចាប់ទាញដណ្តើមម៉ូតូពីមិត្តភក្តិ។ ពេលនោះដើម្បីកុំឱ្យខូចផែនការដែលរៀបចំទុក ខ្លួនបានទាញកាំបិតកាចែត កាប់ប្រហារទៅលើលោកឪពុកតែម្ដង  រួចហើយបក្ខពួករបស់គេម្នាក់ទៀត បានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុគេចខ្លួនបាត់ទៅ ។ 

បច្ចុប្បន្ន កូនប្រុសចិត្តដាច់កាប់ឪពុក និងបក្ខពួកម្នាក់ទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ នគរបាលស្រុកសំរោងទង បានកសាងសំណុំរឿងចាត់ការបន្តបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់  ៕