រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបោកក្បាលស្លាប់នៅនិងកន្លែងភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនក្នុងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញមួយគ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវ ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង10:30 នាទីយប់ ទី08 ខែតុលា ឆ្នាំ2024 ស្ថិតនៅលើផ្លូវបេតុងសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មានឈ្មោះ តេងហ៊ុយ ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតរសនៅខេត្តកំពង់ចាម ។
យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង ។
ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែចង្កូតជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-5463 ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុមួយរំពេច។ ភ្លាមនោះដែរ អ្នកបើកបរ ក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តងក្រោយមក ពលរដ្ឋក្បែខាង ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕