ក្រុងបាត់ដំបង ៖ 

បុរសចំណាស់ម្នាក់ បានរងរបួសសន្លប់ស្តូកស្តឹង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៨និង៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ៣ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D-1818 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានគេចរថយន្ត០១គ្រឿងដែលចតចោល។ ភ្លាមនោះ ក៏មានម៉ូតូម៉ាកឃ្លិចពណ៌ក្រហម០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1I-3255 បើកបរដោយបុរសចំណាស់០១នាក់ ទិសដៅពីត្បូងទៅជើង ហើយបានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយដួលរងរបួសសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕