រាជធានីភ្នំពេញ ៖
ស្ត្រីចំណាស់ម្នាក់ បានរងរបួសធ្ងន់ ខណៈពេលដែលជិះកង់អាគុយធ្វើដំណើរទៅធ្វើការ ហើយ ត្រូវចោរឆក់កាបូប បណ្ដាលឲ្យប្រតាយប្រតប់គ្នាហើយជ្រុលចង្កូតទៅបុកនិងម៉ូតូកង់បី បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ១៩៦២ ខាងត្បូងវត្តជុំ ក្នុងភូមិគោកធ្លក់ សង្កាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះពុំត្រូវស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ៥០ឆ្នាំ បានរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចតេជោ ។
តាមសាក្សី បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ បានជិះកង់អាគុយតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងទិសដៅពីជើងទៅត្បូង។ នៅពេលធ្វើដំណើរហួសវត្តជុំ បន្តិច មានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿង បានមកអែប ហើយធ្វើសកម្មភាពឆក់កាបូប បណ្ដាលឲ្យមានការប្រតាយប្រតប់គ្នា ហើយ ស្ត្រីរងគ្រោះក៏បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីដែលធ្វើដំណើរស្របទិសគ្នា បណ្ដាឱ្យដួលកង់ រងរបួសធ្ងន់។ចំណែកអ្នកបើកបរម៉ូតូកង់បី បានរងរបួសជើងផងដែរ ។
ជនរងគ្រោះ ត្រូវបាននគរបាលមូលដ្ឋានទាក់ទងរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ ហើយ ធ្វើការស្រាវជ្រាវតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕