ខណៈការព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ជិតមកដល់ហើយ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទ០ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានជួបសំណេះ សំណាលជាមួយ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី កងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ចចូលរួមប្រកួតកីឡាករជាតិលើកទី៤ឆ្នាំ២០២៤ នៅសាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នងបរិវេណមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានថ្លែងអំណរគុណចំពោះ គ្រូបង្វឹកកីឡាករ កីឡាការិនី ទាំង៣០ប្រភេទកីឡាដែលមានភារកិច្ចចូលរួមប្រកួតកីឡាជាតិលើកទី៤ ដែលបាននឹងកំពុងធ្វើការហ្វឹកហាត់តាមទីតាំងនិងតាមប្រភេទកីឡានីមួយៗ ក្នុងបុព្វហេតុត្រៀមប្រកួតប្រជែងយកជ័យលាភីជូនអង្គភាព ជាពិសេសជួយលើកមុខមាត់កីឡាកងទ័ពទាំងមូលផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានបន្តទៀតថា សព្វថ្ងៃកីឡាកងយោធពលខេមរភូមិន្ទ ក្រោមការយកចិត្តទុកដាក់ដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេរភូមិន្ទ និងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងនោះ កីឡាកងទ័ពមួយនេះ បាននិងកំពុងបោះជំហ៊ានទៅមុខជាបន្តបន្ទាប់ជាក់ស្ដែងកាលពីកីឡាជាតិ៣លើកកន្លងទៅ ប្រភេទកីឡាកងទ័ព រមែងទទួលបានលទ្ធផលល្អជានិច្ចដោយគ្រងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមសមាកគមក្លិបទាំង២៥រាជធានីខេត្ត និងបណ្ដាក្រសួងស្ថាប័នផ្សេងទៀត ទូទាំងប្រទេសកម្ពុជា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ក៏បានលើកទឹកចិត្តដល់ មន្ត្រី គ្រូបង្វឹកកីឡាករ កីឡាការិនី ទាំងអស់ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសម្ថភាពដើម្បីស្វែងរកជ័យលាភី ជូនអង្គភាព ហើយនៅកីឡាជាតិលើកទី៤នេះ កីឡាកងយោធពលខេមរភូមិន្ទ បានបន្ថែមប្រភេទកីឡាសម្រាប់ប្រកួតរហូតដល់៣០ ប្រភេទ ខណៈកាលពីកីឡាជាតិលើកទី៣ មានតែ២២ប្រភេទកីឡាប៉ុណោះ ។
គួររំលឹកថា ព្រឹត្តការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ គ្រោងរៀបចំការប្រកួតចាប់ពីថ្ងៃទី២៩តុលា ដល់ថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពុងឆ្នាំង និងខេត្តស្វាយរៀង មានក្រុមមកពី២៥រាជនីខេត្ត និងក្រសួងចំនួន៣ មានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកួតលើ ៣៦ប្រភេទកីឡា ។